ព្រះរាជាណាចក្រកម្ពុជាចូលរួមជាមួយ TMview នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៦ នាយកដ្ឋានកម្មសិទ្ធិបញ្ញា (DIP) ក្រសួងពាណិជ្ជកម្មកម្ពុជា បានដាក់បញ្ចូលទិន្នន័យម៉ាកសញ្ញារបស់កម្ពុជា ទៅក្នុងប្រព័ន្ធស្វែងរកពាណិជ្ជសញ្ញារបស់ TMview។ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចូលរួមជាលើកដំបូង ជាមួយ ASEAN TMview ដែលកម្មវិធីនេះអភិវឌ្ឍន៍ដោយ ការិយាល័យកម្មសិទ្ធិបញ្ញា នៃប្រទេសជាសមាជិកអាស៊ាន ដោយមានការគាំទ្រពីគម្រោងរបស់ EU-ASEAN ស្តីពី ការការពារកម្មសិទ្ធិបញ្ញា របស់ ECAP III ដំណាក់ការទី II គ្រប់គ្រងដោយ EUIPO។ ការសម្រេចចូលរួមជាមួយ TMview របស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា (DIP) ក្រសួងពាណិជ្ជកម្មគឺជាសមិទ្ធិផលនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ EUIPO សហការជាមួយដៃគូអន្តរជាតិ។ កិច្ចសហការនេះបានធ្វើឲ្យចំនួនការិយាល័យ ដែលចូលរួមជាមួយ TMview កើនដល់ ៥៦ ហើយការបញ្ចូលបន្ថែមនៃចំនួនម៉ាកសញ្ញាពាណិជ្ជកម្មកម្ពុជា ជាង ៧៥,០០០ ម៉ាក បានធ្វើឲ្យ ទិន្នន័យសរុបរបស់ TMview កើនដល់ ៤១.៥ លានម៉ាក។ ចាប់តាំងពីមានវត្តមានរបស់ TMview នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១០ មក កម្មវិធីមួយនេះត្រូវបានគេប្រើប្រាស់ក្នុងការស្វែងរកជាង ២៦ លានដង មកពី ១៥៥ ប្រទេសផ្សេងៗគ្នា ហើយប្រទេស អេស្ប៉ាញ អាលឺម៉ង់ និងប្រទេសអីតាលី មានអ្នកចូលទស្សនាច្រើនជាងគេ។ លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមតាមរយៈ www.tmview.org