នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា រវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម Park Wonjoo ប្រមុខអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតក្របខ័ណ្ឌទូទៅសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកម្មសិទ្ធិបញ្ញាឲ្យបានទូលំទូលាយ ដោយសហការគ្នាដើម្បីពង្រឹងនិងអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់គូភាគីឲ្យបានកាន់តែប្រសើរថែមទៀត ជាពិសេស គូភាគីនឹងធ្វើការរួមគ្នាក្នុងចក្ខុវិស័យដ៏វែងឆ្ងាយ និងចូលរួមក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញាជាសាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទ្ធិបញ្ញានេះ រួមមានវិសាលភាពដូចខាងក្រោម៖
(ក) ផ្លាស់ប្តូរព័ត៌មានស្តីពីច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងការផ្លាស់ប្តូរ ឬការកែសម្រួលណាមួយក្នុងវិស័យកម្មសិទិ្ធបញ្ញា។
(ខ) រៀបចំ និងផ្តល់នូវការអប់រំនិងការបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា៖ (១) ការបង្កើតកម្មវិធីអប់រំសម្រាប់អ្នកប្រើប្រាស់និងសាធារណជននៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ពាក្យស្នើសុំការពារកម្មសិទ្ធិបញ្ញាតាមអនឡាញដោយបញ្ជូនជំនាញការរបស់អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េមកក្រសួងពាណិជ្ជកម្ម និង(២) ការបង្កើតកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ស្តីពីការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្នែកកម្មសិទ្ធិបញ្ញា ដោយបញ្ជូនបុគ្គលិកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មទៅចូលរួមការបណ្តុះបណ្តាលនៅសាធារណរដ្ឋកូរ៉េ។
(គ) ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្នែកកម្មសិទ្ធិបញ្ញា៖ (១) ការចែករំលែកព័ត៌មានស្តីពីចំណេះដឹងផ្នែកបច្ចេកវិទ្យានិងជំនាញសម្រាប់ការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការលើប្រព័ន្ធស្វ័យប្រវត្តិកម្មផ្នែកកម្មសិទ្ធិបញ្ញា (២) ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសផ្នែកច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការលើប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា និង(៣) ការធ្វើឲ្យប្រសើរឡើងនូវឧបករណ៍និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានក្នុងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដោយជំនួយពីអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ។
(ឃ) ផ្លាស់ប្តូរព័ត៌មានអំពីម៉ាក។
(ង) កិច្ចការពារ និងអនុវត្តកម្មសិទ្ធិបញ្ញា។
ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីកូរ៉េ ដែលតែងតែជួយជ្រោមជ្រែងដល់ការអភិវឌ្ឍវិស័យកម្មសិទិ្ធបញ្ញាក្នុងប្រទេសកម្ពុជា ហើយបានប្តេជ្ញាចិត្តបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះឲ្យទទួលបានផ្លែផ្កាកាន់តែប្រសើរឡើងថែមទៀត។