ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី លោក ហ៊ុន សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រី តំណាងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាកសិករប្រមាណ ១៥០រូប។
ក្នុងមហាសន្និបាតនេះផងដែរ ឯកឧត្តម បានថ្លែងមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេប ស្តីពីការអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “នំបញ្ចុកសៀមរាប” ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងនោះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដែលជាសេនាធិការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ចំនួន ៤លើក ក្នុងនោះយើងបានរៀបចំបង្កើតគណៈកម្មការបណ្តោះអាសន្ន រៀបចំព្រាងសៀវភៅបទបញ្ជាផ្ទៃក្នុង បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព និងរូបសញ្ញាម៉ាកសមូហភាព “នំបញ្ចុកសៀមរាប” ហើយក្រុមការងារបានបញ្ចប់ការរៀបចំឯកសារខាងលើ និងគ្រោងដាក់ឱ្យអង្គមហាសន្និបាត ពិនិត្យ និងអនុម័ត នាថ្ងៃនេះ។
ឯកឧត្តម បានបញ្ជាក់បន្ថែមជូន ឯកឧត្តមគណៈអធិបតី និងអង្គសន្និបាតទាំងមូលអំពី អត្ថប្រយោជន៍នៃការរៀបចំចងក្រងម៉ាករួមនេះ គឺជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយដើម្បីបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារក្នុងតំបន់ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងទាក់ទាញភ្ញៀវទេសចរណ៍ថ្នាក់ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទបុរាណ និងចង់ពិសារនំបញ្ចុកសៀមរាប ដែលមានរសជាតិពិសេសខុសប្លែកពីតំបន់ផ្សេងៗ។
ជាចុងក្រោយ ឯកឧត្តម បានថ្លែងអំណរគុណដល់គណៈអធិបតី និងអង្គមហាសន្និបាតទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាបនាថ្ងៃនេះ ដែលបង្ហាញឱ្យឃើញពីការលើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងបំពេញការងាររហូតដល់សម្រេចជាសមិទ្ធផលគួរជាទីមោទក។