តើអ្វីជាសិទ្ធិអ្នកនិពន្ធ?
សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករឬអ្នកបង្កើតស្នាដៃ ផ្សេងៗទៀត ក្នុងការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាតឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។
ស្នាដៃដែលទទួលបានកិច្ចការពារ
១-ស្នាដៃអ្នកនិពន្ធសំដៅៈ
ក- ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គល
ហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ- ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូង នៅបរទេស ហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុង៣០ថ្ងៃ។
គ- ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឃ- ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗទៀត ដែលភ្ជាប់ទៅនឹងអាគារឬរចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ង- ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសន្ធិសញ្ញាអន្តរជាតិ។
២- ស្នាដៃអ្នកសម្តែងសំដៅៈ
ក- ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ។
ខ- ស្នាដៃរបស់អ្នកសម្តែងដែលពុំមានសញ្ជាតិខ្មែរ តែការសម្តែងនោះ:
• បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
• បានថតបញ្ចូលជាហ្វូណូក្រាមដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ឬ
• ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រាម ប៉ុន្តែ បានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់។
៣- ហ្វូណូក្រាមដំដៅៈ
ក- ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខ្មែរ។
ខ- ហ្វូណូក្រាមដែលបានថតបញ្ចូលសូរសម្លេងជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គ- ហ្វូណូក្រាមដែលបានថតបញ្ចូលផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៤- ការផ្សាយតាមទូរផ្សាយសំដៅៈ
ក- ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ- ការផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្នាដៃបន្ត
ស្នាដៃបន្តរួមមាន ការបកប្រែ ការយកលំនាំ តាមការសម្រួល ការកែច្នៃ ឬការកែលំស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបាន
ឬក៏ជាទម្រង់ផ្សេងទៀត ឬក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ មិនធ្វើឱ្យបាត់បង់សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី។
សិទ្ធិអ្នកនិពន្ធស្នាដៃ
អ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិពីរប្រភេទៈ
១- សិទ្ធិបេតិកភ័ណ្ឌ
សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសារធារណៈ និងការបង្កើតស្នាដៃបន្ត។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឱ្យគេធ្វើកិច្ចការដូចតទៅៈ
ក- ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន។
ខ- ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ។
គ- ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ សោតទស្សន៍ ឬស្នាដៃថត បញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង។
ឃ- ការចែកចាយជាសធារណៈតាមការលក់ ការជួល ឬតាមធ្សោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ។
ង- ការនំាចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃ របស់សមីខ្លួនដែលជាអ្នកនិពន្ធ។
ច- ការសម្តែងស្នាដៃជាសាធារណៈ។
ជ- ការផ្សាយស្នាដៃជាសាធារណៈ។
ឈ- ការផ្សាយស្នាដៃតាមទូរផ្សាយ។
ញ- ការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត។
សិទ្ធិដាក់ជួលក្នុងចំនុច គ មិនត្រូវអនុវត្តចំពោះការជួលកម្មវិធីកុំព្យូទ័រឡើយ ក្នុងករណីដែលកម្មវិធីកុំព្យូទ័រនោះ មិនមែនជាកម្មវត្ថុដ៏សំខាន់សម្រាប់ការដាក់ជួល។
២- សិទ្ធិសីលធម៌
សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានបីចំនុចដូចខាងក្រោមៈ
ក- អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសំរេចពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ។
ខ- អ្នកនិពន្ធមានសិទ្ធិកំណត់ឱ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសំរាប់ទាក់ទងជាមួយសាធារណ ជន។
គ- អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឱ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល។
ការកម្រិតសិទ្ធិអ្នកនិពន្ធ
អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់បានចំពោះ
ក- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត។
ខ- ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឱ្យបានគង់វង្ស ឬដើម្បីទុកសម្រាប់ធ្វើការស្រាវជ្រាវ។
គ- ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្នានរកប្រាក់កម្រៃ។
ឃ- ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ។
ប្រសិនបើមានការបញ្ជាក់យ៉ាងច្បាស់លាស់នូវឈ្មោះរបស់អ្នកនិពន្ធ និងប្រភពនៃស្នាដៃ អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ ចំពោះកិច្ចការទាំងឡាយដូចជាៈ
- ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្រាមប៉ាកកា គរុកោសល្យ វិទ្យាសាស្រ្ត ឬពត៌មានស្តីពីស្នាដៃនោះ
- ការផ្សាយទស្សនៈសារពត៌មាន
- ការផ្សាយទាំងស្រុង ឬភាគខ្លះនៃសន្ទរកថានានា ដែលបានថ្លែងជាសាធារណៈក្នុងសារពត៌មាន ឬទូផ្សាយ
- ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុក ដោយផ្អែកតាមលំនាំដើមនៃស្នាដៃ។
- ការចម្លងរូបភាពស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូន្យរូប ដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាពនោះ ត្រូវបានចាត់ទុកថាជា
កម្មវត្ថុសំខាន់នៃការចម្លងបន្ត។ ច្បាប់ ក៏អនុញ្ញាតឱ្យស្រង់អាគតដ្ឋានពីស្នាដៃណាមួយជាស្នាដៃដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បប់ បញ្ចូលក្នុងស្នាដៃមួយផ្សេងទៀត ដោយពុំចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធ និងពុំចាំបាច់បង់ប្រាក់កំម្រៃ។ ការស្រង់អាគតដ្ឋាន ត្រូវបញ្ជាក់អំពីប្រភព និងឈ្មោះអ្នកនិពន្ធ បើនៅក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ធ
ច្បាស់លាស់។ ការស្រង់អាគតដ្ឋានេះ មិនត្រូវធ្វើឱ្យហួសពីគោលដៅដែលត្រូវបំពេញនោះឡើយ។ សកម្មភាពដូចខាងក្រោមត្រូវបានអនុញ្ញាឱ្យអនុវត្តន៍បានដោយពុំចាំបាច់មានការយល់ព្រមពីសិទ្ធិវ័ន្ត និងពុំចាំបាច់បង់ប្រាក់កម្រៃៈ
ក. សេចក្តីរាយការណ៍ស្តីពីបច្ចុប្បន្នភាព ក្នុងលក្ខខណ្ឌដែលសេចក្តីរាយការណ៍នោះ បានដកស្រង់ជាផ្នែកខ្លីៗ ពីការសម្តែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីក្នុងការផ្សព្វផ្សាយ
តាមទូរផ្សាយ។
ខ. ការថតចម្លង ដែលធ្វើឡើងសម្រាប់តែប្រើប្រាស់ ក្នុងផ្នែកស្រាវជា្រវវិទ្យាសាស្រ្ត។
គ. ការថតចម្លង សម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែការសម្តែង ឬហ្វូណូក្រាមដែលផលិតសម្រាប់តែគោលបំណងនៃការសិក្សា។
ឃ. អាគតដ្ឋានជាសម្រង់ខ្លីៗពីការសម្តែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយតាមទូរផ្សាយសមស្របតាមទម្លាប់ល្អ ដើម្បីប្រើប្រាស់ក្នុងទិសដៅព័ត៌មាន។
ង. ការប្រើប្រាស់ផ្សេងៗទៀតដែលជាករណីលើកលែង ពិសេសចំពោះស្នាដៃនានា ដែលទទួលបាននូវកិច្ចការពារសិទ្ធិអ្នកនិពន្ធ ដោយអនុលោមតាមច្បាប់នេះ។
ច. ការចាប់យករូបភាព និងសម្លេង ដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយស្តីពីបច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិ
ពីស្ថានីយដើម ក្នុងពេលតែមួយ។
រយៈពេលនៃកិច្ចការពារ
រយៈពេលកិច្ចការពារសិទ្ធិនេះត្រូវប្រព្រឹត្តទៅអស់មួយជីវិត អ្នកនិព្ធព្រមទាំងប្រព្រឹត្តទៅ ៥០ (ហាសិបឆ្នាំ) ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ។ កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការប្រព្រឹត្តទៅអស់មួយជីវិតអ្នកនិព្ធ ដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ (ហាសិប) ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរប់សអ្នកនិពន្ធចុងក្រោយនេះ។
រយៈពេលនៃកិច្ចការពារអ្នកសម្តែងគឺ ៥០ (ហាសិប) ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំ ប្រក្រតីទិននៃការថតបញ្ចូលក្នុងហ្វូណូក្រាម ឬក្នុងករណីដែលពុំបានថតការសម្តែង
បញ្ចូលក្នុងហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នំាប្រក្រតីទិនដែលការសម្តែងបានប្រព្រឹត្តទៅ។
រយៈពេលនៃកិច្ចការពារផលិតករហ្វូណូក្រាម គឺ៥០ (ហាសិប) ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិន ដែលបានបោះផ្សាយហ្វូណូក្រាម ឬក្នុងករណីដែលពុំបានបោះផ្សាយ
ហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នំាប្រក្រតីទិន ដែលបានថតសម្លេងបញ្ចូលក្នុងហ្វូណូក្រាម។
រយៈពេលនៃកិច្ចការពារកម្មវិធីផ្សាយរបស់អង្គភាពទូផ្សាយ គឺ ៥០ (ហាសិប) ឆ្នាំគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិន ដែលកម្មវិធីបានផ្សាយ។
|