May 12, 2025

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកជំទាវ Chansouk SENGPHACHANH អនុរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម​ នៃសាធារណរដ្ឋប្រជាមានិតទ្បាវ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកជំទាវ Chansouk SENGPHACHANH អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតទ្បាវបាន ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិអាស៊ានលើកទី៧៥ និងពិធីផ្ទេរតំណែងប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន (AWGIPC CHAIRMAN) ពី
ឯកឧត្តម Xaysomphet NORASINGH អគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជូនឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាណត្តិ២ ឆ្នាំ ចាប់ពីខែឧសភា ឆ្នាំ២០២៥ ដល់២០២៧។
ឯកឧត្តម អ៊ុក ប្រជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុងការងារកម្មសិទ្ធិបញ្ញាអាស៊ាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៧៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់កម្ពុជា ក្នុងការប្រជុំពិភាក្សាយ៉ាងផុសផុល ចែករំលែកវឌ្ឍនភាពការងារ និងខិតខំអនុវត្តន៍ផែនការសកម្មភាព ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន សំដៅសម្រេចតាមផែនការ និងបញ្ចប់ផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦ ២០២៥ និងត្រៀមខ្លួនសម្រាប់ការអនុវត្តផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានថ្មី ២០២៦-២០៣០។
នៅក្នុងពិធីទទួលតំណែងជាប្រធានក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន ឯកឧត្តម សួន វិជ្ជា បានបន្តប្តេជ្ញាចូលរួមដឹកនាំសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអាស៊ាន និងដៃគូទាំងអស់ក្នុងការបន្តទិសដៅរួមក្នុងការសម្រេចបានសមិទ្ធផលសំខាន់ៗបន្ថែមទៀត និងអាចប្រែក្លាយអាស៊ានទៅជាតំបន់ដែលមានភាពប្រកួតប្រជែង និងនវានុវត្តន៍តាមរយៈការប្រើប្រាស់កម្មសិទ្ធិបញ្ញា។