ពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ
ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.»
បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក
ឆ្នាំ២០២៦ ក្រោមមូលបទស្តីអំពី “កម្មសិទ្ធិបញ្ញា និងកីឡា៖ ការត្រៀមរួចរាល់ ការកំណត់
និងច្នៃប្រឌិត (IP and Sports: Ready, Set, Innovate)” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា
ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព
និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម
ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា
និងនវានុវត្តន៍ លោកជំទាវ Bridget Collier ភារធារីស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Rebakah
BELL តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លោក GUY
Pessach ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការនៃក្រសួងពាណិជ្ជកម្ម
ឯកឧត្តមអនុប្រធាននិងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា(គ.ក.ប.)
និងឯកឧត្តម លោកជំទាវ លោក លោកស្រី
សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងលេខាធិការដ្ឋាននៃ
គ.ក.ប. ព្រមទាំងគ្រូបង្វឹកកីឡា អត្តពលិក សិស្សនិស្សិត ជាច្រើនរូប។
ថ្លែងក្នុងពិធីបើក លោកជំទាវរដ្ឋមន្ត្រី
បានមានប្រសាសន៍ថា កម្មសិទ្ធិបញ្ញាត្រូវកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកីឡា
ដែលជាវិស័យមួយដ៏មានសក្តានុពលខ្ពស់សម្រាប់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជា
ព្រោះថារាល់សម្ភារៈកីឡា សុទ្ធតែបានបង្កប់នូវស្នាដៃរចនាម៉ូតផ្សេងៗពីម្ចាស់ស្នាដៃល្បីៗ
ការបង្កើតសម្ភារៈកីឡាដែលធន់ ឬការផលិតនូវឧបករណ៍វាយសីដែលមានគុណភាពខ្ពស់
ដែលការណ៍ទាំងអស់នេះសុទ្ធតែភ្ជាប់ ជាមួយនឹងប្រកាស-នីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម
និងម៉ាកពាណិជ្ជកម្មជាដើម។
លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា
ការរួមបញ្ចូលគ្នារវាងកម្មសិទ្ធិបញ្ញានិងកីឡា
បានផ្តល់នូវឱកាសដ៏សម្បូរបែបសម្រាប់កម្ពុជា៖ ការអនុញ្ញាតឱ្យមានការច្នៃប្រឌិត,
លើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិត, ពង្រឹងប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម,
ផ្តល់សិទ្ធិដល់អត្តពលិកនិងបុគ្គល
ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ
ខណៈពេលដែលកម្ពុជាកំពុងត្រៀមខ្លួន
ក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលដ៏ខ្លីខាងមុខផងដែរ។
សូមគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៤
ខែក្នុងឆ្នាំ២០២៦ នេះ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រចំនួន ៤
បន្ថែមដល់តំណាងសមាគមទាំង ៤ រួមមាន៖ ១) សូត្រមាសភ្នំ ស្រុក ២) ក្តាមថ្មកោះកុង ៣)
ស្វាយឧត្តរមានជ័យ ៤) ស្វាយចន្ទី កំពង់ធំ និងម៉ាកសមូហភាពឃ្មុំព្រៃព្រះវិហារផងដែរ។
ដែលការណ៍នេះ ធ្វើឱ្យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា (Geographical
Indications (GI) មានការកើនឡើងដល់ចំនួន ១២ ដែលក្នុងនោះមាន៖ ១)
ម្រេចកំពត ២) ស្ករត្នោតកំពង់ស្ពឺ ៣) ឃ្មុំព្រៃមណ្ឌលគិរី ៤) ក្រូចថ្លុងកោះទ្រុង ៥)
ទឹកត្រីកំពតកែប ៦) អំបិលកំពតកែប ៧) បង្កងតាកែវ ៨) ប្រហុកសៀមរាប ៩)
ស្វាយចន្ទីកំពង់ធំ ១០) ស្វាយឧត្តរមានជ័យ ១១) ក្តាមថ្មកោះកុង និង ១២) សូត្រមាសភ្នំស្រុក។
លោកជំទាវរដ្ឋមន្រ្តី គូសបញ្ជាក់ថា
តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះ
គឺជាជំហានសំខាន់មួយក្នុងការជំរុញនិងលើកកម្ពស់អត្តសញ្ញាណនិងកេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ
ហើយជាជំហានបន្ទាប់ដើម្បីបន្តពិនិត្យលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ
ក្រោមក្របខណ្ឌច្បាប់ទីក្រុងហ្សឺណែវស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនផងដែរ។
មុននឹងបញ្ចប់
ដើម្បីចូលរួមជំរុញអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា
ជាពិសេសការបង្កើនអត្ថប្រយោជន៍ពីភាពប្រទាក់គ្នារវាងកម្មសិទ្ធិបញ្ញា និងកីឡា
លោកជំទាវរដ្ឋមន្ត្រី បានចែករំលែកទស្សនៈគន្លឹះមួយចំនួនដល់អង្គពិធីរួមមាន៖
១. ក្រសួងស្ថាប័នពាក់ព័ន្ធ
ត្រូវសិក្សានិងវាយតម្លៃលើលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឡើងវិញ
ដើម្បីរៀបចំធ្វើវិសោធនកម្មឡើងវិញដើម្បីឱ្យស្របតាមបរិបទនៃសង្គមសេដ្ឋកិច្ចកម្ពុជា
២.
ដើម្បីជំរុញការធ្វើពាណិជ្ជូបនីយកកម្មសិទ្ធិបញ្ញាលើវិស័យកីឡា
ទាមទារឱ្យមានការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា
និងការលើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា ជាពិសេស
សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ម៉ាក ការកសាងកេរ្តិ៍ឈ្មោះម៉ាក
ប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ដល់គ្រូបង្វឹកកីឡា អត្តពលិក អ្នកសារ-
ព័ត៌មានកីឡា អ្នកសម្តែងសិល្បៈបែបកីឡា ក្រុមហ៊ុនផ្សព្វផ្សាយ
និងតួអង្គពាក់ព័ន្ធនឹងវិស័យកីឡា។
៣.
បន្តពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាឱ្យកានតែមានប្រសិទ្ធភាព
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងបន្លំកម្មសិទ្ធិបញ្ញា
និងទប់ស្កាត់សកម្មភាព បំពានកម្មសិទ្ធិបញ្ញានៅតាមប្រព័ន្ធ អ៊ីនធឺណេត
ដែលជាឧបសគ្គរារាំងដល់ការលើកទឹកចិត្តឱ្យមានការបង្កើតថ្មី ឬការវិនិយោគលើការផ្សព្វ
ផ្សាយពីកីឡា។
៤.
គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ត្រូវបន្តខិតខំសម្របសម្រួលជាមួយ
ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍
ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ២០២៣-២០២៨។
សូមជម្រាបជូនថា នៅកិច្ចបញ្ចប់នៃអង្គពិធី
លោកជំទាវរដ្ឋមន្រ្តី ក៏បានអញ្ជើញជាអធិបតីក្នុងការ សម្ពោធគម្រោងសំខាន់ៗ
ពាក់ព័ន្ធនិងវិស័យកម្មសិទ្ធិបញ្ញាផងដែរ ដូចជា៖
១.
ពិធីសម្ពោធនិងបើកសិក្ខាសាលានៃគម្រោងគ្លីនិកគ្រប់គ្រងកម្មសិទ្ធិបញ្ញា
២.
ពិធីដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យឌីជីថលកម្មសិទ្ធិបញ្ញាសម្រាប់ ការគ្រប់គ្រង
វិភាគព័ត៌មានចុះបញ្ជីម៉ាកនិងប្រព័ន្ធស្រាវជ្រាវ តាមដាន
និងការវិភាគម៉ាកសម្រាប់សាធារណជន រួមទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា
ទៅក្នុងប្រព័ន្ធ WIPO Cloud
៣. ពិធីសម្ពោធ
ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា៖ ១)សូត្រមាសភ្នំស្រុក ២)ក្តាមថ្មកោះកុង
៣)ស្វាយឧត្តរមានជ័យ និង៤)ស្វាយចន្ទីកំពង់ធំ និង
៤. ពិធីសម្ពោធម៉ាកសមូហភាព៖
ឃ្មុំព្រៃព្រះវិហារ៕







