តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?

ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រដែលបាន ផ្តល់ដើម្បីការពារតក្កកម្ម។
តក្កកម្ម
តក្កកម្ម គឺជាគំនិតរបស់តក្កករ ដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។
តក្កកម្មខាងក្រោមនេះ មិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្មឡើយៈ

  1. ការរកឃើញ ទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្ត្រគណិតវិទ្យា
  2. គម្រោងការ ក្បួន ឬវិធីសាស្រ្តសំរាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ត
  3. វិធីសាស្រ្តសម្រាប់ព្យាបាលមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទប្បញ្ញតិ្តនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែលយកមកប្រើប្រាស់ក្នុងវិធីសាស្ត្រខាងលើនេះទេ
  4. ផលិតផលឱសថដូចមានចែងក្នុងមាត្រា ១៣៦ នៃច្បាប់
  5. រក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ
  6. ប្រភេទផ្សេងៗនៃពូជរក្ខជាតិណាមួយ។

តក្កកម្មណាដែលការធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖

 • ផ្ទុយងណ្តាប់ធ្នាប់សធារណៈ ឬសីលធម៌
 • មិនការពារជីវិត ឬសុខភាពរបស់មនុស្ស សត្វ ឬរុក្ខជាតិ
 • ធ្វើឱ្យខូចបរិស្ថានធ្ងន់ធ្ងរ ឬ
 • ត្រូវបានច្បាប់ហាមឃាត់មិនត្រូវផ្តល់ប្រកាសនីយបត្រតក្កកម្មឱ្យទេ ។

លក្ខខណ្ឌដែលទទួលបានប្រកាសនីយបត្រតក្កកម្ម តក្កកម្មដែលអាចទទួលប្រកាសនីយបត្រតក្កកម្មបាន លុះត្រាតែតក្កកម្មនោះ ៖

  1. ថ្មី
  2. មានជំហានរកឃើញថ្មី និង
  3. អាចយកទៅអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម

ថ្មី
តក្កកម្មដែលអាចចាត់ទុកថាថ្មីបាន លុះត្រាតែតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន ។ ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជន នៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ តាមរយៈការផ្សព្វផ្សាយ ដោយប្រើរូបភាពជាក់ស្តែង ឬដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ។
មិនត្រូវចាត់ទុកថាជាការដឹងដល់សាធារណជន ចំពោះករណីដូចខាង ក្រោម ៖

    1. ការដឹងដល់សាធារណជននូវតក្កកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ(១២)ខែ មុនកាល បរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ ។
    2. ការធ្វើឱ្យលេចឮខ្ចរខ្ចាយពត៌មានស្តីអំពីតក្កកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វ ជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលឱ្យលេចឮខ្ចរខ្ចាយពត៌មាននេះ ។

      ជំហានរកឃើញថ្មី
     តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន ។

     អាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម

     តក្កកម្មមួយត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើតក្កកម្មនោះអាចត្រូវផលិត ឬត្រូវប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន ។

     សិទ្ធិដែលទទួលបានតាមរយៈប្រកាសនីយបត្រតក្កកម្ម

     ការធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជានូវតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយដោយបុគ្គលដទៃទៀត ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ ។ ការធ្វើអាជីវកម្ម នៃតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើ គឺមានន័យថាជាសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយខាងក្រោមនេះ ៖

  1. ចំពោះផលិតផលមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្មរួចហើយ ការធ្វើអាជីវកម្មគឺជា ៖
   • ការផលិត ការនាំចូល ការផ្គត់ផ្គង់សម្រាប់ការលក់ និងការប្រើប្រាស់ផលិតផលនោះ
   • ការស្តុកទុកផលិតផលនោះ ក្នុងគោលបំណងផ្គត់ផ្គង់ សម្រាប់លក់ ឬប្រើប្រាស់
  2. ចំពោះដំណើរការផលិតកម្មមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្ម រួចហើយ ការធ្វើអាជីវ កម្មគឺជា ៖
   • ការប្រើប្រាស់ដំណើរការផលិតកម្មនោះ
   • ការធ្វើសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយដូចមានចែងក្នុងចំណុក ក និងចំណុច ខ នៃ ចំណុចទី ១ លើផលិតផល ដែលទទួលបានដោយផ្ទាល់ពីមធ្យោបាយនៃដំណើរការផលិតកម្មនោះ ។

   រយៈពេលការពារ ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេលម្ភៃ(២០)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីនៃការស្នើសុំប្រកាសនីយបត្រតក្កកម្ម លុះត្រាតែបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុង មាត្រា៤៦ នៃច្បាប់។

Last updated on: ខែ​ឧសភា 30, 2024