ខែមករា 12, 2026 ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមបើកសិក្ខាសាលាអនឡាញស្តីពី “ម៉ាកនិងការកសាងកេរ្តិ៍ឈ្មោះម៉ាកឌីជីថល” នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២:០០ រសៀល ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមជាគណៈអធិបតីបើកសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី “ម៉ាកនិងការកសាងកេរ្តិ៍ឈ្មោះម៉ាកឌីជីថល” ដោយមានការចូលរួមថ្លែង សុន្ទរកថាដោយ លោកជំទាវ HELEN FAZEY ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ាន។សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងភ្នាក់ងារ ROUSE សហគ្រិន ភ្នាក់ងារតំណាងស្របច្បាប់សម្រាប់ការចុះបញ្ជីម៉ាក មេធាវី និងសាធារណជន សរុបចំនួនប្រមាណ ១៨០រូប។សិក្ខាសាលាអនឡាញនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់សហគ្រិន ភ្នាក់ងារតំណាងស្របច្បាប់សម្រាប់ការចុះបញ្ជីម៉ាក មេធាវី និងសាធារណជន ឱ្យទទួលបានការយល់ដឹង បន្ថែមពាក់ព័ន្ធនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងម៉ាក ការកសាងកេរ្តិ៍ឈ្មោះម៉ាក វិធីសាស្ត្រ ពង្រឹងអាជីវកម្មម៉ាក ការធ្វើពាណិជ្ជូបនីយកម្ម ទ្រព្យកម្មសិទ្ធិបញ្ញា តាមរយះការធ្វើកិច្ចសន្យាម៉ាក កិច្ចការពារម៉ាកតាមប្រព័ន្ធអនឡាញ និងវិធីសាស្ត្រ នៃការការពារម៉ាកស្របតាមច្បាប់។ល។ក្នុងឱកាសនោះដែរ ឯកឧត្តម សួន វិជ្ជាបានថ្លែងអំណរគុណ ចំពោះចក្រភពអង់គ្លេស និង ការិយាល័យ កម្មសិទ្ធិបញ្ញា ចក្រភពអង់គ្លេស (UKIPO) ដែលតែងតែផ្តល់កិច្ចសហការមកនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលនានាកន្លងមក ការកសាងសមត្ថភាពរបស់មន្ត្រីនិងវិស័យ ឯកជនពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាផងដែរ។ឯកឧត្តម ក៏បានជម្រាបជូនអង្គសិក្ខាសាលាផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងប្រព័ន្ធផ្តល់សេវាកម្មចុះបញ្ជីម៉ាកឱ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់និងតាមប្រព័ន្ធឌីជីថល ផ្តល់ភាពងាយស្រួលដល់អ្នកដាក់ពាក្យស្នើសុំចុះបញ្ជី ម៉ាក បន្តកសាងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឱ្យមានអនុលោមភាពជាមួយ លិខិតបទដ្ឋានគតិយុត្តអន្តរជាតិនិងតំបន់ ការចុះបញ្ជីដោយមិនប្រាស់ក្រដាស ការតភ្ជាប់ការបង់ប្រាក់តាមប្រព័ន្ធបាគង និងការពង្រឹងការកសាងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ សហគ្រិន ភ្នាក់ងារ និងសាធារណជនផងដែរ។