ខែ​ឧសភា 6, 2025

ពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី (IP and Music),​ កិច្ចប្រជុំលើកទី៧៥ នៃក្រុមការងារអាស៊ានស្តីពីសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា និងកិច្ចប្រជុំពាក់ព័ន្ធ (75th ASEAN Working Group on Intellectual Property Cooperation “AWGIPC” and related meetings) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ​ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ

(សៀមរាប)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រី: ការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តម Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក Ken-Ichiro Natusme អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Xaysomphet Norasingh ប្រធានក្រុមការងារអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ឯកឧត្តមអនុប្រធាន និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ព្រមទាំងសិស្សនិស្សិត និងភ្ញៀវកិត្តិយសជាតិ- អន្តរជាតិ ចំនួន ៥០០នាក់។
គោលបំណងនៃការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ គឺដើម្បីចូលរួមអបអរសាទរទិវានេះដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកតែងតែប្រារព្ធជារៀងរាល់ឆ្នាំ និងដើម្បីលើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់កម្មសិទ្ធិបញ្ញា បញ្ជ្រាបព័ត៌មានថ្មីៗពីកម្មសិទ្ធិបញ្ញា និងជំរុញការយល់ដឹងពីការបំពានសិទ្ធិកម្មសិទ្ធិបញ្ញា។
ក្នុងទិវាកម្មសិទ្ធិបញ្ញានេះដែរ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការនៃគ.ក.ប. និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញធ្វើបទបង្ហាញពីគម្រោងដែលនឹងត្រូវសម្ពោធក្នុងទិវាកម្មសិទ្ធិបញ្ញា និងវឌ្ឍនភាពនៃកិច្ចការកសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព និងការអភិវឌ្ឍប្រព័ន្ធឌីជីថលកម្មសិទ្ធិបញ្ញាផងដែរ។
ជាកិច្ចបន្ទាប់ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់កិត្តិយសសម្ពោធកម្មវិធីសំខាន់ៗចំនួន ៦ផងដែរ រួមមាន៖
១-ពិធីសម្ពោធនិងពិធីប្រគល់ជូនវិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពប្រហុកសៀមរាបផលិតផលសម្គាល់ភូមិសាស្ត្ររបស់កម្ពុជា
២-ពិធីសម្ពោធម៉ាកសមូហភាព៖ (១)-ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល (២)-ថ្នាំជក់កម្ពុជា និង (៣)-ត្រចៀកកាំកម្ពុជា។
៣-ពិធីសម្ពោធគម្រោង៖ ផែនការយុទ្ធសាស្ត្របង្ហាញផ្លូវលើធនធានពន្ធុ ចំណេះដឹងប្រពៃណី និងវិញ្ញាត្តវប្បធម៌
៤-ពិធីសម្ពោធថ្នាលកម្មសិទ្ធិបញ្ញាឌីជីថលដំណាក់កាលទី២
៥-វិញ្ញាបនបត្រចុះបញ្ជីម៉ាកតាមទម្រង់ឌីជីថល ដោយប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh
៦-វិញ្ញាបនបត្រចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពនៅលើកម្មវិធីបណ្តាញឌីជីថលកម្មសិទ្ធិបញ្ញា៕