ខែ​ឧសភា 8, 2025

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំទ្វេភាគី ជាមួយលោក Tiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) និងលោក Gonzalo Bilbao ប្រធានគម្រោងរបស់អង្គភាពកម្មសិទ្ធិបញ្ញាប្រចាំអាស៊ីអាគ្នេយ៍​ នៅសៀម​រាប ព្រះរាជាណាចក្រកម្ពុជា

( សៀមរាប)៖ នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា បានជួបប្រជុំទ្វេភាគី ជាមួយលោកTiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) និងលោក Gonzalo Bilbao ប្រធានគម្រោងរបស់អង្គភាពកម្មសិទ្ធិបញ្ញាប្រចាំអាស៊ីអាគ្នេយ៍ ក្នុងកំទ្បុងពេល ចូលរួមកិច្ចប្រជុំលើកទី៧៥នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅខេត្តសៀម រាប ព្រះរាជាណាចក្រកម្ពជា។
ឯកឧត្តម សួន វិជ្ជា បានថ្លែងអំណរគុណដល់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការកសាងកេរ្តិ៍ឈ្មោះផលិតផលជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាក សមូហភាព ម៉ាកវិញ្ញាតកម្ម ដើម្បីលើកកម្ពស់ជំនឿទុកចិត្តរបស់អតិថិជន លើកកម្ពស់កសិកម្ម វប្បធម៌ និងទេសចរណ៍និងការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព តាមរយៈការលើកកម្ពស់ចំណេះដឹងសាធារណៈដើម្បីពង្រឹងសមត្ថភាពដល់វិស័យសាធារណៈ និងសហគ្រាសធុនតូច និងមធ្យម។
លោក Tiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) បានជម្រាបជូនស្តីពី គម្រោង EU-ASEAN SUSTAINABLE CONNECTIVITY PACKAGE –INTELLECTUAL PROPERTY RIGHTS (SCOPE IPR) ដើម្បីធ្វើការពង្រឹងសមត្ថភាពរបស់សមាជិកអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន ដើម្បីកែលម្អច្បាប់ បទប្បញ្ញត្តិ ឱ្យស្របតាមកិច្ចការពារប្រព័ន្ធកម្មសិទ្ធិជាសកល បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ការបង្កើនសមត្ថភាពបច្ចេកទេសដល់អង្គភាពកម្មសិទ្ធិបញ្ញាអាស៊ា និង/ឬអាជ្ញាធរមានសមត្ថកិច្ចផ្សេងទៀត ដើម្បីផ្តល់សេវាកម្មទាន់ពេលវេលា និងប្រកបដោយគុណភាព បង្កើនការយល់ដឹងអំពីតួអង្គក្នុងវិស័យឯកជន និងប្រជាពលរដ្ឋក្នុងបណ្តាប្រទេសអាស៊ាន ការបង្កើត កិច្ចការពារ និងការប្រើប្រាស់ឧបករណ៍កម្មសិទ្ធិបញ្ញាក្នុងការធ្វើពាណិជ្ជកម្ម ដើម្បីជំរុញការលូតលាស់ធុរកិច្ចរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សួន វិជ្ជា ក៍បានគូសបញ្ជាក់ពីគុណភាព និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅក្នុងវិស័យកម្មសិទ្ធិបញ្ញាសម្រាប់អាស៊ាន-សហភាពអឺរ៉ុប និងដោយទ្បែកជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ដែលមានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិជំរុញឱ្យមានការបង្កើតថ្មី ការច្នៃប្រឌិត ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈ ការអនុវត្តផែនការការងារ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។
ជាមួយនេះផងដែរ ឯកឧត្តម សួន វិជ្ជា បានស្នើសុំការបន្តជួយគាំពារដល់សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលបានចុះបញ្ជីរួច ក្នុងការបង្ហាត់បង្រៀនសមាជិកសមាគម ដូចជា៖ ១. ការគ្រប់គ្រងសមាគម (ហិរញ្ញវត្ថុ និងឯកសាររដ្ឋបាល) ២. តួនាទី និងភារកិច្ចរបស់សមាគម ៣. ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ៤. ការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ និងទិសដៅសម្រាប់អនុវត្តបន្ត ៥. ភាពជាអ្នកដឹកនាំសមាគម។ល។ និងជួយគាំទ្រការចុះបញ្ជីផលិតផលសក្តានុពលនៅកម្ពុជា រួមទាំងស្នើសុំការគាំទ្រពាក់ព័ន្ធទៅនឹងយន្តការម៉ាកវិញ្ញាតកម្មកម្ពុជា ផងដែរ។
ជាកិច្ចឆ្លើយតប លោក Tiago Guerreiro ប្រធានទទួលបន្ទុកសេវាកម្មសហប្រតិបត្តិការអន្តរជាតិរបស់អង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) នឹងទទួលសំណើរបស់ប្រទេសកម្ពុជា ក្នុងការបន្ត និងជួយគាំពារការពង្រឹងសមត្ថភាពដល់សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព ដែលបានចុះបញ្ជីរួច ព្រមទាំងឯកភាព ស្របទៅនឹងការអភិវឌ្ឃន៍ផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្រ្តស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបន្តកិច្ចសហប្រតិបត្តិការ គាំទ្រនិងអនុវត្តសកម្មភាពគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា៕