ប្រវត្តិនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា

ប្រវត្តិប្រព័ន្ធកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជា

  1. ប្រវត្តិសងេ្ខប

   នៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិបញ្ញាបានចាប់កំណើតមានតាំងពីក្នុងទស្សវត្សទី៦០ និង ៧០ មកម្ល៉េះ ហើយម៉ាកមួយចំនួនក៏បាន​ទទួល​កិច្ចការពារ​នៅក្នុងកំឡុងពេលនោះដែរ ដូចជា ម៉ាក PERTUSSIN ស្ថិតនៅក្នុងជំពូកទី៥ ដែលមានលេខដាក់ពាក្យ ១៩៧៣ នៅក្នុងឆ្នាំ១៩៦៦ ហើយ ម៉ាក RIBENA ស្ថិតក្នុងជំពូកទី៥ និង៣២ ដែលមានលេខដាក់ពាក្យ១០៣១៨ នៅក្នុងឆ្នាំ១៩៧៣។ ជាអកុសល ក្រោយមក ប្រទេសកម្ពុជាបានជួបនូវវិបត្តិសង្រ្គាមក្នុងស្រុកដ៏ធ្ងន់ធ្ងរ ដែលធ្វើអោយវិស័យកម្មសិទ្ធិបញ្ញាត្រូវបានបោះបង់ចោលអស់រយៈពេលជិត២ទសវត្ស។ ដោយមានកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានចាប់ផ្តើមស្តារហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិឡើងវិញ ដែលនាំអោយវិស័យកម្មសិទ្ធិបញ្ញា ត្រូវបានដំណើរការឡើងវិញ។ ជាលទ្ធផល នៅឆ្នាំ១៩៩១ ការិយាល័យពាណិជ្ជសញ្ញា ត្រូវបានបង្កើតឡើងនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ដែលមានភារកិច្ចទទួលចុះបញ្ជី និងការពារពាណិជ្ជសញ្ញា និងទទួលបាន​ការ​គាំទ្រ និង​ជួយជ្រោមជ្រែងបណ្តុះបណ្តាលផ្នែកបច្ចេកទេសពីប្រទេសនានា ជាពិសេស អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization-WIPO) ដែលមាន មូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស។

  2. នាយកដ្ឋានកម្មសិទិ្ធបញ្ញា

   នៅថៃ្ងទី ២២ ខែកញ្ញា ឆ្នាំ១៩៩៧ នាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើង តាមអនុក្រឹត្យនៃរាជរដ្ឋាភិបាលកម្ពុជាលេខ ៥៤។ នៅមុនការបង្កើតនាយកដ្ឋាននេះ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ទទួលតួនាទីចុះបញ្ជី និងការពារម៉ាក ។ នាយកដ្ឋានកម្មសិទិ្ធបញ្ញា មានភារកិច្ច និង​ទទួល​ខុសត្រូវ​លើ ‌៖

   1. ការសិក្សា វិភាគ និងផ្តល់អនុសាសន៍អំពីគោលនេយាបាយកម្មសិទិ្ធបញ្ញាជូនដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងរដ្ឋាភិបាលកម្ពុជា។
   2. សម្របសម្រួល និងរៀបចំច្បាប់ ព្រមទាំងបទបញ្ញតិ្តកម្មសិទិ្ធបញ្ញា ។
   3. សម្របសម្រួលកិច្ចសហប្រតិបត្តិការ និងជំនួយក្នុងវិស័យកម្មសិទិ្ធបញ្ញាជាមួយសហគមន៍អន្តរជាតិ ។
   4. ត្រួតពិនិត្យមើលវិស័យទាំងបីនៃកម្មសិទិ្ធបញ្ញាក្នុងប្រទេសកម្ពុជា ធើ្វជាចំនុចប្រសព្វនៃកម្មសិទិ្ធបញ្ញា និងសម្របសម្រួលបញ្ហាកម្មសិទិ្ធបញ្ញាទាំងអស់ ជាមួយក្រសួងពាក់ព័ន្ធ ។
   5. ជំរុញផ្សព្វផ្សាយតាមមធ្យោបាយនានាដើម្បីការពារកម្មសិទិ្ធបញ្ញាអោយបានត្រឹមត្រូវ និងមានប្រសិទិ្ធភាព ។
   6. អនុវត្តរាល់កាតព្វកិច្ចទាំងអស់ ដែលមានចែងក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញានានា ។
    ចាប់តាំងពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ១៩៩៨ នាយកដ្ឋានកម្មសិទ្ធិបញ្ញាបានទទួលចុះបញ្ជីម៉ាកចំនួន៧០៥៥ ដែលនៅក្នុងនោះម៉ាកក្នុងស្រុកមានចំនួន ១៩៨ និង ម៉ាកបរទេស​មានចំនួន ៦៨៥៥។
    ម៉ាកដែលបានចុះបញ្ជីពីឆ្នាំ១៩៩៤ ដល់ ១៩៩៨៖ null
  3. គណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញា

   ទោះបីវិស័យកម្មសិទិ្ធបញ្ញាជាបញ្ហាថ្មីស្រឡាងចំពោះព្រះរាជាណាចក្រកម្ពុជាយើងក៏ដោយ ប៉ុន្តែដោយបានទទួលការជួយឧបត្ថម្ភផ្នែក​បច្ចេកទេស​ពី​អង្គការ​​កម្មសិទិ្ធ​បញ្ញា​ពិភពលោក ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងនៅក្រៅប្រទេស និងក្នុងប្រទេស តាមរូបភាពហ្វឹកហ្វឺនរយៈពេលខ្លី និងសិក្ខាសាលាជាតិ ឬវេទិការ​អន្តរជាតិ​សី្តអំពីកម្មសិទិ្ធបញ្ញា និងការផ្តល់ជាបរិក្ខាបច្ចេកទេស នាយកដ្ឋានកម្មសិទិ្ធបញ្ញាអនុវត្តបាននូវតួនាទី​របស់ខ្លួន ក្នុងការទទួលចុះបញ្ជី និង កិច្ចការពារ​ពាណិជ្ជ​សញ្ញា-​សេវាសញ្ញា​ក្នុងស្រុក និងបរទេស ។ ក្រោមការគ្រប់គ្រង និងដឹកនាំដោយ លោក លី ផាណ្ណា ចាប់ពីឆ្នាំ១៩៩៧ ដល់២០០៤ ដែលក្រោយមក លោកកាន់​តំណែង​ជា​អគ្គនាយក​ក្រសួងពាណិជ្ជកម្ម និងជាតំណាង រដ្ឋមន្ត្រីពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាយកដ្ឋានបានទទួលសមិទិ្ធផលល្អ គួរអោយកត់សម្គាល់ ដោយបានធ្វើអោយសាធារណៈជនស្គាល់ទាំងក្នុងស្រុក និងក្រៅស្រុក តាមរយៈការចុះបញ្ជី និងការការពារកម្មសិទិ្ធបញ្ញា និងតាមរយៈការយល់ដឹង​ជា​សាធារណៈ​ សកម្មភាពចុះអនុវត្តច្បាប់ ព្រមទាំងសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ។ នាពេលនោះ នាយកដ្ឋានមានបុគ្គលិកសរុបប្រមាណ៤០រូប និងមាន​ការិយាល័យ​ចំណុះចំនួន២ គឺការិយាល័យចុះបញ្ជីម៉ាក និងការិយាល័យផ្សព្វផ្សាយ និងពត៌មាន ។ ទោះបីជាយ៉ាងណាក៏ដោយ បើប្រៀបធៀបនឹងសម័យបច្ចុប្បន្ន នៅក្នុងកំឡុង​ពេល​នោះ ការងារកម្មសិទិ្ធបញ្ញានៅមានទំហំតូច ដែលបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួនពី១៥០០ ទៅ ២០០០ ម៉ាក(ភាគច្រើនលើសលុប គឺជាម៉ាក​របស់បរទេស) និងម៉ាកអាចចុះបញ្ជីបានចំនួនប្រហែល១៥០០ម៉ាក ក្នុង១ឆ្នាំៗ ។ ជាងនេះទៅទៀត ទាំងឧបករណ៍ប្រើប្រាស់នៅក្នុងការិយាល័យ និងចំណេះដឹង​របស់​បុគ្គលិក​នៅមានកំរិតនៅឡើយ ដោយប្រើម៉ាស៊ីនអង្គុលីលេខដើម្បីវាយអត្ថបទ ឬឯកសាផេ្សងៗ ។

   អស់រយៈពេលជិត២ឆ្នាំក្រោយមក ដោយយោងតាមសំណើរបស់ក្រសួងពាណិជ្ជកម្ម និង ក្នុងគោលបំណងអោយមាននយោបាយកម្មសិទិ្ធបញ្ញារបស់ជាតិតែមួយ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចកី្តសម្រេចមួយលេខ១៦ ចុះថៃ្ងទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ បង្កើត “គណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញា” ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាន និងនាយកដ្ឋានកម្មសិទិ្ធបញ្ញាត្រូវបានជ្រើសតាំងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ជាអនុប្រធាន ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងពត៌មាន ជាសមាជិក ។ ភារកិច្ចរបស់គណៈកម្មាធិការនេះគឺ ៖

   1. ពន្លឿនសេចកី្តព្រៀងច្បាប់ និងបទបញ្ញតិ្តទាំងអស់ ដែលពាក់ព័ន្ធនឹងវិស័យកម្មសិទិ្ធបញ្ញា ដើម្បីបំពេញកាត្វកិច្ចរបស់ប្រទេសកម្ពុជា ក្នុងការចូល​ជា​សមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ។
   2. សម្របសម្រួលបញ្ហាកម្មសិទិ្ធបញ្ញាទាំងអស់ រវាងក្រសួងពាក់ព័ន្ធខាងលើ ។
   ដោយផ្អែកលើភារកិច្ចខាងលើ គណៈកម្មាធិការ និងលេខាធិការដ្ឋានបានកោះប្រជុំជាច្រើនលើក ដើម្បីរកវិធីពន្លឿនសេចកី្តព្រាងច្បាប់កម្មសិទិ្ធបញ្ញា និងបែងចែក​ការ​ទទួលខុសត្រូវរវាងក្រសួងពាក់ព័ន្ធនានា ។

   ក្រោយពីរយៈពេល៧ឆ្នាំជាប្រធាននាយកដ្ឋានកម្មសិទិ្ធបញ្ញា លោក លី ផាណ្ណា ត្រូវបានតម្លើងតំណែងជាអគ្គនាយករងបចេ្ចកទេសនៃក្រសួងពាណិជ្ជកម្ម ហើយ​បន្ទាប់​មកនៅដើមឆ្នាំ២០០៨ លោកត្រូវបានតម្លើងឋានៈជាអគ្គនាយក និងជាតំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ចំណែក លោក វ៉ា រុតសាន ដែលជាអនុប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញាក្នុងសម័យនោះ ក៏បានឡើងកាន់តំណែង​ជាប្រធាន​នាយកដ្ឋាន​កម្មសិទិ្ធបញ្ញា​ជំនួសវិញ​រហូត​មកដល់​បច្ចុប្បន្ន ហើយលោកក៏​មាន​តំណែងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រងកម្មសិទិ្ធបញ្ញាផងដែរ ។ ដោយការខិតខំប្រឹងប្រែង និង​បញ្ញា​ឈ្លាសវៃ​របស់ ឯកឧត្តម វ៉ា រុតសាន នាយកដ្ឋានកម្មសិទិ្ធបញ្ញាបាន​រីកចម្រើនទៅមុខយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដោយទទួល​បាន​ពាក្យ​សើ្នសុំចុះបញ្ជីម៉ាក​កើនឡើង​ទ្វេដង ឬ ៣ដង ដែលមានចំនួនប្រមាណពី៣៥០០ ទៅ៤០០០ម៉ាក និងម៉ាកដែលអាចចុះបញ្ជីបានចំនួនប្រមាណ៣០០០ម៉ាក ក្នុងមួយឆ្នាំ ។ ដូច្នេះ ប្រាក់ចំណូល​ដែលបានទទួល​ពីការ​បង់កម្រៃចុះបញ្ជីម៉ាក ក៏មានចំនួនកើនឡើងយ៉ាងខ្លាំងដែរ។

   ទន្ទឹមនឹងកំណើននេះ កិច្ចសហប្រតិបតិ្តការរវាងនាយកដ្ឋានកម្មសិទិ្ធបញ្ញា និងដៃគូរអភិវឌ្ឍន៍នៅក្រៅប្រទេសជាច្រើន ត្រូវបានពង្រឹងកាន់តែខ្លាំង ដោយទទួលបានជំនួយ​បច្ចេកទេស​ទាំងផ្នែកច្បាប់ និងសម្ភារៈ ជាបន្តបន្ទាប់ ដែលនាំអោយកេរ្តិ៍ឈ្មោះរបស់នាយកដ្ឋាន ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ ដូចជា អង្គការ​កម្មសិទិ្ធបញ្ញា​​ពិភពលោក​(WIPO) គម្រោង​សហប្រតិបតិ្តការ​សហគមន៍​អឺរ៉ុប-អាស៊ានលើការការពារកម្មសិទិ្ធបញ្ញា(ECAPII) ការិយាល័យ​ប្រកាសនីយបត្រ​តក្កកម្មរបស់ជប៉ុន(JPO) ការិយាល័យម៉ាក និង​ប្រកាសនីយបត្រតក្កកម្មរបស់សហរដ្ឋអាមេរិក(USPTO) ជាដើម។

   ជាងនេះទៅទៀត កម្លាំងធនធានមនុស្ស និងទំហំនាយកដ្ឋាន ចាំបាច់ត្រូវតែពង្រីក ។ ឯកឧត្តមប្រធាន វ៉ា រុតសាន បានរិះរកមធ្យោបាយ ដោយដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សុំចំនួនបុគ្គលិកបន្ថែមនិងបន្ថែមការិយាល័យចំនួន៤ទៀត ដើម្បីអោយសមស្រប ទៅនឹងស្ថានការនាពេលនោះ ។ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៧ រដ្ឋមន្ត្រីបានចេញប្រកាស សី្តពីការរៀបចំ និងការប្រព្រឹត្តិទៅនៃនាយកដ្ឋានកម្មសិទិ្ធបញ្ញា ដោយសម្រេចបង្កើតការិយាល័យចំនួន៤ទៀត គឺ ៖
   1. ការិយាល័យក្រោយចុះបញ្ជីម៉ាក ។
   2. ការិយាល័យម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនិងពត៌មានសម្ងាត់។
   3. ការិយាល័យវិវាទ ។
   4. ការិយាល័យសហប្រតិបតិ្តការនិងកិច្ចការច្បាប់។

  4. គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា

   រយៈពេល៨ឆ្នាំក្រោយពេលកម្ពុជាយើងបានចូលជាសមាជិក នៃអង្គការកម្មសិទិ្ធបញ្ញាពិភពលោក ការត្រៀមខ្លួនអនុវត្តកិច្ចព្រមព្រៀងទិដ្ឋភាពកម្មសិទិ្ធបញ្ញាពាក់ព័ន្ធនឹងពាណិជ្ជកម្ម (TRIPS Agreement) ត្រូវបានពង្រឹង ដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់ទី២របស់រាជរដ្ឋាភិបាលគឺ “ការពង្រឹងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញា” ។ ដើម្បីបង្រួបបង្រួមការធ្វើគោលនយោបាយ ការពង្រឹងការអនុវត្តន៍ច្បាប់កម្មសិទិ្ធបញ្ញា និងជំនួយបច្ចេកទេស រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសី្តពី “ការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា” លេខ ១៤២ ចុះថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០០៨ ជំនួសសេចកី្តសម្រេចចាស់តាំងពីឆ្នាំ១៩៩៩ ដោយមាននាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជកម្ម ជាលេខាធិការដ្ឋាន ។ គណៈកម្មាធិការនេះ ទទួលខុសត្រូវបង្កើតគោលនយោបាយជាតិសី្តពីកម្មសិទិ្ធបញ្ញា ពង្រឹងកិច្ចសហប្រតិបតិ្តការរវាងភ្នាក់ងារឬស្ថាប័ននានា រៀបចំផ្សព្វផ្សាយច្បាប់ និងបទបញ្ញតិ្តថ្មីៗ និងធ្វើជាចំណុចរួមមួយក្នុងការទទួលជំនួយបច្ចេកទេស ។ គណៈកម្មាធិការ មានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មធ្វើជាប្រធាន និងមានក្រសួង ចំនួន ១៣ទៀត ជាសមាជិក ។ គណៈកម្មាធិការជាតិនេះ មានភារកិច្ចបន្ថែមលើសពីគណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញា ត្រង់សហការផ្សព្វផ្សាយច្បាប់កម្មសិទិ្ធបញ្ញាជូន ដល់មន្ត្រីរាជការ និស្សិត ស្ថាប័នអប់រំ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីទប់ស្កាត់ការរំលោភបំពានកម្មសិទិ្ធបញ្ញា ព្រមទាំងសិក្សាអំពីកិច្ចព្រមព្រៀង និងសន្ធិសញ្ញាអន្តរជាតិនានា ដើម្បីរកចំណុចខ្លាំង និងចំណុចខ្សោយ ។

   ដោយផ្អែកលើភារកិច្ចដែលមានចែងនៅក្នុងអនុក្រឹត្យ នាយកដ្ឋានកម្មសិទិ្ធបញ្ញាដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា បានសហការជាមួយអង្គការ (ECAPIII) រៀបចំផែនការសកម្មភាពមួយដែលមាន ៣៩ចំណុច ក្នុងគោលដៅជាក់លាក់មួយ ដើម្បីបង្កើតប្រព័ន្ធកម្មសិទិ្ធបញ្ញាជាតិដ៏ខ្លាំងមួយ សម្រាប់ការពារកម្មសិទិ្ធបញ្ញា ការគ្រប់គ្រង និងការអនុវត្តច្បាប់អោយស្របទៅនឹងស្តង់ដារកម្មសិទិ្ធបញ្ញាអន្តរជាតិ និងគាំទ្រគោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាល ។ បន្ទាប់ពីនាយកដ្ឋាន ជាពិសេស ឯកឧត្តមប្រធាន វ៉ា រុតសាន បានស្វះសែ្វងរកជំនួយគាំទ្រពីដៃគូរអភិវឌ្ឍន៍ក្រៅប្រទេសមក សកម្មភាពចំនួន២១ត្រូវបានគាំទ្រដោយអង្គការកម្មសិទិ្ធបញ្ញាពិភពលោក និងធនាគារពិភពលោក ។ បន្ទាប់មកលោកនាយកបានបនែ្ថមគំនិតដោយបញ្ចូលសកម្មភាពថ្មីៗ ទៅលើសកម្មភាពដែលនៅសេសសល់រហូតដល់ ៥២ សកម្មភាព ។ នាពេលបច្ចុប្បន្ន នាយកដ្ឋានកម្មសិទិ្ធបញ្ញាកំពុងមានទិសដៅទៅមុខបនែ្ថមទៀត ដោយធ្វើសេចកី្តព្រាងអនុក្រឹត្យមួយសី្តពីការពង្រឹងការអនុវត្តន៍ច្បាប់កម្មសិទិ្ធបញ្ញា ការអប់រំ និងផ្សព្វផ្សាយ ។

  5. ក្របខណ្ឌច្បាប់

   ចាប់តាំងពីមានការឯកភាពជាតិនាឆ្នាំ១៩៩១មក ប្រទេសកម្ពុជាបានមានគោលនយោបាយកម្មសិទិ្ធបញ្ញាឡើងវិញ នៅពេលដែលពាណិជ្ជករ និងវិនិយោគិនបរទេសជាច្រើន បានស្នើសុំមកក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សារដ្ឋមន្ត្រី អោយតម្កល់ទុកជាផ្លូវការនូវស្លាកសញ្ញាទំនិញរបស់ពួកគេ។ គោលគំនិតសំខាន់នៃគោលនយោបាយកម្មសិទិ្ធបញ្ញាកម្ពុជាចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៣ គឺរៀបចំច្បាប់ និងបទប្បញ្ញតិ្តសី្តពីម៉ាក ប្រកាសនីយបត្រតក្កកម្ម និងសិទិ្ធអ្នកនិពន្ធ ដើម្បីអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមកិច្ចព្រមព្រៀងTRIPS នៃអង្គការពាណិជ្ជកម្មពិភពលោក ។ គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីពីររបស់រាជរដ្ឋាភិបាលកម្ពុជាគឺ ធ្វើអោយច្បាប់កម្មសិទិ្ធបញ្ញាស្របទៅនឹងសេចកី្តត្រូវការនៃការអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសក្នុងវិស័យអប់រំ កសិកម្ម និងសុខភាព ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការការពារកម្មសិទិ្ធបញ្ញាថាមានសារៈសំខាន់ ដល់ការលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ច ជម្រុញការវិនិយោគទុនបរទេស និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងសម្រួលដល់សមាហរណកម្មរបស់ប្រទេសកម្ពុជាចូលទៅក្នុងសេដ្ឋកិច្ចពិភពលោក ។

   ដំបូងឡើយ កិច្ចការពារកម្មសិទិ្ធបញ្ញារបស់ប្រទេសកម្ពុជា ផ្អែកលើមាត្រា៤៧ និង៤៨ នៃបទប្បញ្ញតិ្តដែលពាក់ព័ន្ធនឹងច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ តុលាការ ដែលអាចអនុវត្តបានក្នុងប្រទេសកម្ពុជានៅក្នុងសម័យអន្តរកាលរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា (UNTAC: United Nations Transitional Authority in Cambodia) ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩២ និង ប្រកាសលេខ៣៦៨ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៧ សី្តពីនីតិវិធីរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា ដែលមានបំណងធានាដល់កិច្ចការពារកម្មសិទិ្ធបញ្ញា ដែលបានត្រួសត្រាយផ្លូវដល់ការចូលជាសមាជិករបស់អង្គការ WTO ក្នុងឆ្នាំ ២០០៤ ។ នៅក្នុងសេចកី្តប្រកាសនេះ នាយកដ្ឋានមានសិទិ្ធធ្វើការចុះបញ្ជី និងផ្តល់វិញ្ញាបនបត្រពាណិជ្ជសញ្ញា និងសេវាសញ្ញា ជូនដល់ពាណិជ្ជករនិងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងដោះស្រាយរាល់បញ្ហាទាំងអស់ ដែលកើតឡើងពីការចុះបញ្ជីនេះ។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០០ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលបានចេញកំណត់ហេតុនៃ ការព្រមព្រៀងផ្ទេរភារកិច្ចនៃការគ្រប់គ្រង និងចុះបញ្ជីការពារម៉ាកនៃផលិតផលក្នុងស្រុក ដោយផ្ទេរភារកិច្ចគ្រប់គ្រង ចុះបញ្ជី ការពារម៉ាកក្នុងស្រុក ដែលពីមុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អោយស្ថិតនៅក្រោមសិទិ្ធអំណាចរបស់ក្រសួងពាណិជ្ជកម្មវិញ ។ ដូច្នេះរាល់បញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងម៉ាក គឺជាការទទួលខុសត្រូវតែមួយគត់របស់ក្រសួងពាណិជ្ជកម្ម ។

   បច្ចុប្បន្ន ប្រទេសកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាចំនួន ៤ គឺ៖

   1. ច្បាប់សី្តពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលត្រូវបាន ប្រកាសអោយប្រើបា្រស់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០២ បានបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក ។ ក្រសួងពាណិជ្ជកម្មមិនមែនគ្រប់គ្រងផ្តាច់មុខនូវរាល់បញ្ហាទាំងអស់ ដែលពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញាទេ ។
   2. ច្បាប់សី្តពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ច្បាប់នេះត្រូវបានប្រកាសអោយប្រើប្រាស់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣ នៅពេលដែលក្រសួងនេះកំពុងរៀបចំបទបញ្ញាតិ្ត ដូចជា អនុក្រឹត្យ ឬ ប្រកាសសម្រាប់អនុវត្តច្បាប់នេះ ។
   3. ច្បាប់សី្តពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ដែលបានប្រកាសអោយប្រើប្រាស់នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០០៣ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការពារសិទិ្ធនេះ។
   4. ច្បាប់សី្តពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

Last updated on: ខែ​ឧសភា 27, 2024